នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧកញ៉ា ឆាវ អ៊ីនទ័រ ប្រធានអង្គការមូលនិធិមិត្តភាព និងសន្តិភាពអាស៊ានអាស៊ីបូព៌ា បានចូលរួមសួរសុខទុក្ខនិង នាំយកអំណោយជាអង្ករ និងសម្ភារផ្សេងៗទៀតដល់កងអង្គរក្សសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់សម្តេចតេជោ ហ៊ុន សែន បានទទួលយកអំណោយនេះ និងជួបជាមួយលោកឧកញ៉ា ឆាវ អ៊ីនទ័រ និងតំណាងរបស់អង្គការមូលនិធិ។
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានកោតសរសើរដល់អង្គការមូលនិធិដែលបានជួយយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅប្រទេសកម្ពុជា ហើយលោកក៏បានសម្តែងនូវការកោតសរសើរយ៉ាងពេញទំហឹងចំពោះការខ្នះខ្នែងយូរអង្វែងរបស់លោកឧកញ៉ា ឆាវ អ៊ីនទ័រ ទៅលើការងារសប្បុរសធម៌ និងសុខុមាលភាពសាធារណៈ។
លោកឧកញ៉ា ឆាវ អ៊ីនទ័រ បានមានប្រសាសន៍ថា ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩ មន្រ្តី និងទាហាននៃកងយោធពលខេមរភូមិន្ទ ជាពិសេសគឺកងអង្គរក្សផ្ទាល់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានខិតខំយ៉ាងខ្លាំង ហើយបានរួមចំណែកយ៉ាងធំធេងក្នុងការការពារសន្តិសុខជាតិ និងសុខភិបាលក្នុងប្រទេស ដូច្នេះលោកសង្ឃឹមថា ការបរិច្ចាគជាសម្ភារទាំងនេះអាចជួយដល់មន្រ្តីនិងទាហានទាំងអស់ក្នុងកិច្ចការងារប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកឧកញ៉ា ឆាវ អ៊ីនទ័រ តំណាងឲ្យអង្គការមូលនិធិបាននាំយកអំណោយជាអង្ករចំនួន២០តោន មី១០០កេស និងទឹកសុទ្ធ១០០កេស ដល់បញ្ជាការដ្ឋានអង្គរក្សរបស់សម្តេចតេជោ ហ៊ុន សែន ។